ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកការដ្ឋានសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ថ្មីក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង អំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នៅមន្ទីរពេទ្យខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ប្រារព្ធក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែខេត្តព្រៃវែង នេះក្នុងគោលបំណងពង្រីកវិសាលភាពផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម តាមគន្លងប្រពៃណីសាសនា និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីក្រុងពលីត្រូវបានធ្វើឡើងដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ វត្តមានរបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ញ៉ែម សាខន ស ខេង បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។
ការសាងសង់អគារថ្មីនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្ត។ សមិទ្ធផលថ្មីនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខេត្តព្រៃវែងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃ “ការគិតគូរពីសុខភាពជាចម្បង” របស់ថ្នាក់ដឹកនាំ។ អគារមន្ទីរពេទ្យនេះនឹងក្លាយជាកន្លែងផ្តល់ក្តីសង្ឃឹម និងការសង្គ្រោះជីវិតដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ក្នុងតំបន់។ “សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត របស់ប្រជាជនម្នាក់ៗ និងរបស់សង្គមជាតិទាំងមូល”៕
