សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ គឺជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ គឺជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
ចេញផ្សាយ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦
ខេត្តតាកែវ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាព និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសមភាពយេនឌ័រ និងកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។

សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តល់អាទិភាពខ្ពស់លើការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាល កំពុងអនុវត្តយ៉ាងសកម្មតាមផែនការយុទ្ធសាស្ត្រ “នារីរតនៈ” ដែលជាសសរស្តម្ភទ្រទ្រង់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយ:ការបន្តចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

សម្ដេច ម៉ែន សំអន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដើម្បីធានាថាពួកគេមិនត្រូវបានបោះបង់ចោលក្នុងសង្គមទំនើប។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរចំពោះ លោកជំទាវ ឈុន ស៊ីន ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយស និង លោកជំទាវ ឡុង បូណារ៉េត ជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តតាកែវ ព្រមទាំងបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំថ្មី បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចជាសេនាធិការដ៏រឹងមាំជូនរដ្ឋបាលខេត្ត។

សូមបញ្ជាក់បន្ថែមដែរថាការកែសម្រួលសមាសភាពសមាគមនារីនាពេលនេះ មិនត្រឹមតែជាការពង្រឹងរចនាសម្ព័ន្ធស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព និងបរិយាបន្នផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *