ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៦”
ព្រៃវែង៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផែនការសកម្មភាពរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៦” ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើការចាត់តាំងក្រុមការងារតាមផ្នែកនីមួយៗ រួមមាន ផ្នែករៀបចំតុបតែងលម្អ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ និងផ្នែកសិល្បៈកម្សាន្ត។
ការរៀបចំស្តង់ពិព័រណ៍ ទីតាំងល្បែងប្រជាប្រិយ និងវេទិកាតន្ត្រីសម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកកម្សាន្ត។
ឯកឧត្ដមបានជម្រុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ និងត្រូវអនុវត្តភារកិច្ចដែលបានប្រគល់ជូនដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការសម្រួលចរាចរណ៍ និងការបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងកំឡុងពេលចូលឆ្នាំ។ ត្រូវរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកកម្សាន្តនៅខេត្តព្រៃវែង ឱ្យមានភាពកក់ក្តៅ និងសប្បាយរីករាយ៕
