ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ចេញគោលនយោបាយជាតិឆ្នាំ២០២៥-២០៣៥ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងគោលដៅប្រែក្លាយតំបន់ជនបទ ឱ្យទៅជាសង្គមដែលមានវិបុលភាព សមធម៌ និងមានភាពធន់នឹងការផ្លាស់ប្តូរនានា ដោយគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្តែង នៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នា រួមមាន៖ តំបន់ទំនាបកណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាប និងភ្នំ ដោយការបែងចែកនេះ គឺដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយ តុល្យភាព បរិយាបន្ន និងភាពធន់ ទៅតាមសក្តានុពលនៃតំបន់នីមួយៗ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ នៅខេត្តសៀមរាប នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា អាទិភាពពិសេសមួយនៃយុទ្ធសាស្ត្រនេះ គឺការអភិវឌ្ឍតំបន់ជនបទតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយតំបន់ទាំងនោះឱ្យទៅជា “ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ” ដែលជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពជាតិ ។ ក្នុងនោះ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព” ដោយផ្ដោតលើលទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋមានជីវភាពសមរម្យ និងមានសេចក្តីថ្លៃថ្នូរ មានសុខភាពមាំមួន និងរស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព ។
ឯកឧត្តម បានបន្តថា គោលដៅសំខាន់ៗចំនួន៤ ដែលប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្ន រួមមាន៖ ១.តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា, ២.ប្រជាជននៅតំបន់ជនបទមានសុខភាពល្អ និងអាយុសង្ឃឹមរស់វែង, ៣.ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្ត និងបរិស្ថានល្អ និង ៤.ប្រជាជននៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។
ឯកឧត្តមបន្ថែមថា តាមចក្ខុវិស័យខាងលើ គោលនយោបាយជាតិនេះ ក៏បានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដែលត្រូវបានប្រែក្លាយទៅជាកម្មវិធីអាទិភាពចំនួន៥ គឺ៖
១.ការអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់
២.ការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាននិងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់ និងបរិយាបន្ន
៣.ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះនឹងបន្តការអនុវត្តចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយ ភាពធន់ និងបរិយាបន្ន
និង៤.ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ និង៥.ការលើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គោលគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ត្រូវបានរាជរដ្ឋាភិបាល អនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលថ្មីៗនេះ ដែលក្រសួងអភិវឌ្ឍន៍ជនបទ មានជាតួអង្គចលករមួយយ៉ាងសំខាន់ ក្នុងការអនុវត្តដោយសហការជាមួយក្រសួងពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ សប្បុរសជន អង្គការក្រៅរដ្ឋបាល និងស្ថាប័នពាក់ព័ន្ធ ។