ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៦
នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា ជំនួយការ និងលោក លោកស្រីជាមន្រ្តីរាជការ សរុបប្រមាណ ៦៧០នាក់។

ថ្លែងបើកអង្គសន្និបាតនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា លទ្ធផលការងារវិស័យវប្បធម៌និងវិចិត្រសិល្បៈក្នុងឆ្នាំ២០២៥ កន្លងមកទៅ កើតឡើងចេញពីការចូលរួមគាំទ្រ កិច្ចសហការសម្របសម្រួលគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន បណ្តាប្រទេសជាដៃគូ អង្គការជាតិ អន្តរជាតិ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលជាតួអង្គដ៏ចាំបាច់ក្នុងការពង្រឹងកិច្ចការពារ ការអភិវឌ្ឍន៍និងការផ្សព្វផ្សាយសិល្បៈជាតិឱ្យកាន់តែស្ថិតស្ថេរគង់វង្ស និងវិវត្តន៍រីកចម្រើន។ វឌ្ឍនភាពនេះ គឺជាសកម្មភាពដែលបានរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានលើកទឹកចិត្តដល់អង្គសន្និបាតពិនិត្យពិភាក្សាឱ្យបានផុលផុសស៊ីជម្រៅ លើបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងឆ្នាំកន្លងមក ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការកសាងកម្ពុជាជាអរិយប្រទេស មានអត្តសញ្ញាណវប្បធម៌ច្បាស់លាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ ក្នុងស្មារតីខ្មែរតែមួយដើម្បីជួយដល់វីរកងទ័ព នៅតាមព្រំដែនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងរយៈពេលកន្លងមកនេះ។

Leave a Reply

Your email address will not be published. Required fields are marked *