រដ្ឋបាលខេត្តព្រៃវែង កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ព្រៃវែង៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុក និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ដើម្បីដាក់ចេញនូវវិធានការក្តៅក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងរីករាលដាល។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន បានធ្វើឱ្យមានការរីក ចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំណង់ ជាពិសេសការអភិវឌ្ឍលំនៅឋានបែបទំនើប ជាច្រើន ដូចជាបុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។ លំនៅឋានទាំងនេះ គឺជាទីតាំងដែលមានមនុស្សជាច្រើនចម្រុះជាតិសាសន៍រស់នៅប្រមូលផ្តុំ ដើម្បីប្រកបមុខរបរ និងបំពេញការងារផ្សេងៗ។ ក្នុងបរិបទបែបនេះ បញ្ហាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈក៏បានលេចចេញឡើងក្រោមរូបភាពផ្សេងៗនៅតាមទីតាំងរស់នៅ ប្រមូលផ្តុំមួយចំនួន និងបានបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋដែល រស់នៅតាមទីតាំងទាំងនោះ។ ជាក់ស្តែង បទល្មើសផ្សេងៗដែលសមត្ថកិច្ចបង្ក្រាបបាន ត្រូវបានបង្កឡើងដោយមុខសញ្ញាដែលបានពួនសំងំនិងស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន។ ម្យ៉ាងទៀត ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏បានបង្កើតបញ្ហា ប្រឈមថ្មីៗជាច្រើន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) បទល្មើសជនអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសផ្សេងទៀត ដែលភាគច្រើននៃ បទល្មើសទាំងនេះ តែងពួនសំងំលួចលាក់ប្រព្រឹត្តនៅតាមទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។ អនុក្រឹត្យនេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ បន្ថែមពីនេះ អនុក្រឹត្យនេះគឺជាវិធានការថ្មីមួយបន្ថែមទៀត ក្នុងការបង្កបរិយាកាសងាយស្រួលដល់ការវិនិយោគនិងទេសចរណ៍ ឱ្យកាន់តែមានភាពទាក់ទាញ និងធ្វើឱ្យវិស័យសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើន ជាពិសេសជំរុញកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញឱ្យអាជ្ញាធរមូលដ្ឋានចុះអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋ ឲ្យគាត់យល់ដឹងដឹងកាន់តែច្បាស់អំពីការឆបោកតាមប្រពន្ធ័អនឡាញនេះ៕
