វត្តប្រាសាទគោកចក ប្រមូលផលបន្លែសុវត្ថិភាព និងបន្លែសរីរាង្គ យកចែកជូនប្រជាពលរដ្ឋភៀសសឹក

វត្តប្រាសាទគោកចក ប្រមូលផលបន្លែសុវត្ថិភាព និងបន្លែសរីរាង្គ យកចែកជូនប្រជាពលរដ្ឋភៀសសឹក
ចេញផ្សាយ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦
ដោយអនុវត្តតាមការផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, វត្តប្រាសាទ គោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីប្រជាពលរដ្ឋភៀសសឹក និងមន្រ្តីពាក់ព័ន្ធ បានធ្វើការដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ នៅក្នុងបរិវេណវត្ត និងទទួលបានផលជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានធ្វើការ ប្រមូលផលជាបណ្ដើរៗហើយ ដើម្បីយកទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋបន្តភៀសសឹក ដែលកំពុងស្នាក់នៅក្នុងវត្ត និងនៅតាមផ្ទះចំនួន ២៧គ្រួសារ។ ទាំងនេះ ក៏ជាបង្ហាញពីការយកចិត្តទុកដាក់ របស់ព្រះសង្ឃចំពោះប្រជាពលរដ្ឋភៀសសឹក។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថា នៅក្នុងពុទ្ធសាសនាគោលការណ៍គ្រឹះគឺ “មេត្តា” (ការប្រាថ្នាឱ្យអ្នកដទៃមានសេចក្តីសុខ) និង”ករុណា” (ការជួយសង្គ្រោះអ្នកដទៃឱ្យរួចផុតពីទុក្ខ) នេះគឺជាការផ្សារភ្ជាប់ធម៌វិន័យទៅនឹងការដោះស្រាយបញ្ហាសង្គម ហើយព្រះសង្ឃដើរតួជាអ្នកដឹកនាំស្មារតីផង និងជាអ្នកសម្របសម្រួលជីវភាពផងដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀងដោយធានាថាជនភៀសសឹកដែលបាត់បង់ផ្ទះសម្បែង នឹងមិនត្រូវដាច់ពោះស្លាប់នោះឡើយ។

ព្រះគ្រូវិចិត្រវង្សាបានបន្តថាការលូតលាស់ដំណាំបន្លែដែលបងប្អូនភៀសសឹក និងក្រុមការងារដែលបានដាំកន្លងមកនៅក្នុងទីធ្លាវត្តប្រាសាទគោកចកគឺបានធ្វើកាត់មកផ្គត់ផ្គង់ និងធ្វើម្ហូបអាហារជូន ដល់បងប្អូនជនភៀសសឹកនៅក្នុងវត្តជាបន្តបន្ទាប់មកហើយដែរ។

ព្រះគ្រូចៅអធិការវត្តបានមានថេរដីកាបន្ថែមថាការចែកទាននេះគឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ ដែលបង្ហាញឱ្យឃើញថា ការលះបង់នូវអ្វីដែលខ្លួនមានដើម្បីអ្នកដទៃ គឺជាការកសាង សន្តិភាព និងកុសលធម៌ដ៏ឧត្តុង្គឧត្តមដែលនាំឱ្យសង្គមមានសុខដុមរមនាហើយសកម្មភាពនេះគឺជា “ការចែករំលែកដោយគ្មានការរើសអើង” មិនថាជនភៀសសឹកមានជំនឿសាសនាអ្វីឡើយ ព្រះសង្ឃតែងតែផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *