តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ អំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ

តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ អំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ
ចេញផ្សាយ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចប្រជុំ Arria Formula របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោមប្រធានបទ «ការប្រកាន់ខ្ជាប់នូវការគោរពសន្ធិសញ្ញានានា ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ាគីស្ថាន នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម តំណាងអចិន្ត្រៃយ៍ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

(១) សន្ធិសញ្ញាផ្តល់នូវភាពច្បាស់លាស់ផ្នែកច្បាប់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិប្រកបដោយស្ថិរភាព ព្រមទាំងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

(២) កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពនានាដែលមានបំណងគេចវេសមិនអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាដែលមានអានុភាពគតិយុត្តិ ដោយឈរលើមូលហេតុច្បាប់នៅក្នុងប្រទេស ឬបញ្ហាក្នុងស្រុក។ រដ្ឋមួយ មិនត្រូវប្រើច្បាប់ក្នុងប្រទេសរបស់ខ្លួន ដើម្បីជាលេសបញ្ចប់ ឬដកខ្លួនចេញ ជាឯកតោភាគី ពីសន្ធិសញ្ញាដែលនៅជាធរមាននោះឡើយ។

(៣) កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះដោយស្មោះត្រង់ ស្របតាមមាត្រា ៩៤(១) នៃធម្មនុញ្ញអ.ស.ប.។

Leave a Reply

Your email address will not be published. Required fields are marked *