កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៦
MoINFO APP
នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម FILIPUS NINO PEREIRA រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ ដែលបានចូលជាសមាជិកទី១១ របស់អាស៊ាន និង កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ និងនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី FILIPUS NINO PEREIRA បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលតែងតែគាំទ្រសមាជិកភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទីម័រ-ឡេស្តេ បានចូលជាសមាជិករបស់អាស៊ាន។ ជាពិសេស, បន្ទាប់ពីចូលជាសមាជិកអាស៊ានផ្លូវការ, នេះជាលើកទី១ ដែលទីម័រ-ឡេស្តេ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ។
ជាមួយគ្នានេះ, ភាគីទាំងពីរ ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការពន្លឿននីតិវិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ បន្ទាប់ត្រូវបានលើកពេលកាលពីឆ្នាំ២០១៧ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រី FILIPUS NINO PEREIRA នឹងជម្រាបជូន ឯកឧត្តម Francisco Kalbuadi Lay, ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រ-ឡេស្តេ ពិនិត្យនិងជំរុញនីតិវិធីបន្តឱ្យបានឆាប់រហ័ស។