អង្គការ WCS៖ ឆ្នាំ២០២៦ សត្វអណ្តើកហ្លួង ញាស់បានកូនចំនួន ៤០ក្បាល
ចេញផ្សាយ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦–អង្គការ WCS បានឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងរដូវពងកូន ឆ្នាំ២០២៦នេះ ឧរង្គសត្វ (សត្វអណ្តើកហ្លួង)ជានិមិត្តរូបរបស់កម្ពុជាទទួលបានកូនទើបញាស់ចំនួន៤០ក្បាល។ នេះជាសមិទ្ធផលជាទីមោទនៈបំផុតរបស់ប្រទេសកម្ពុជា ដែលក្រុមអភិរក្សសត្វអណ្តើកហ្លួងសម្រេចបានក្នុងឆ្នាំនេះ ក្រោមការដឹកនាំដោយនាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។
កូនអណ្តើកហ្លួងទាំង ៤០ ក្បាលនេះ បានញាស់ចេញពីពងអណ្តើកហ្លួងចំនួន ៥០គ្រាប់ នៃសម្បុកពងកូនចំនួនបី ដែលក្រុមការងារបានស្រាវជ្រាវរកឃើញតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុក្នុងខែកុម្ភ: ឆ្នាំ២០២៦នេះ។ ការទទួលបានពងកូនក្នុងឆ្នាំ២០២៦នេះ ជាក្តីសង្ឃឹមបន្ថែមទៀតសម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជបំផុត ខណៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅ ក្រុមការងារអភិរក្សមិនបានប្រទះឃើញទាល់តែសោះនូវស្លាកស្នាមឬវត្តមានសម្បុកពងកូនរបស់អណ្តើកហ្លួងដែលជាឧរង្គសត្វនិមិត្តរូបរបស់កម្ពុជាឡើយ។
កូនអណ្ដើកហ្លួងទាំងអស់ ត្រូវបានក្រុមការងារអភិរក្សដឹកជញ្ជូនយកទៅថែទាំក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងមុននឹងលែងចូលទៅទីជម្រកធម្មជាតិវិញ។ ការថែទាំក្នុងមជ្ឈមណ្ឌលនេះគឺដើម្បីធានាថាកូនអណ្តើកហ្លួងអាចមានលទ្ធភាពរស់រានបានល្អប្រសើរបន្ទាប់ពីត្រូវបានលែងចូលទីជម្រកធម្មជាតិវិញ។ការរកឃើញសម្បុកនិងការទទួលបានកូនញាស់ដោយជោគជ័យក្នុងរដូវកាលពងកូនរបស់អណ្តើកហ្លួងនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល អង្គការ WCS អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ អភិរក្សទីជម្រកនិងឆ្នេរពងកូន ការទប់ស្កាត់បទល្មើសនានាតាមដងព្រែក ជាពិសេសការបូមខ្សាច់ និងបទល្មើសនេសាទខុសច្បាប់ ៕