ចំណាប់អារម្មណ៍របស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ចំពោះសក្ដានុពលទេសចរណ៍របស់កម្ពុជា៖ «កម្ពុជាមានអ្វីៗជាច្រើនសម្រាប់ផ្ដល់ជូន ជាមួយនឹងបដិសណ្ឋារកិច្ចដ៏ល្អ»

ចំណាប់អារម្មណ៍របស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ចំពោះសក្ដានុពលទេសចរណ៍របស់កម្ពុជា៖ «កម្ពុជាមានអ្វីៗជាច្រើនសម្រាប់ផ្ដល់ជូន ជាមួយនឹងបដិសណ្ឋារកិច្ចដ៏ល្អ»
ចេញផ្សាយ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម Steven Pang Chee Wee បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងបានបង្ហាញការកោតសរសើរចំពោះការរីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នានា ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍កាន់តែទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ។ ជាពិសេស ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្សព្វផ្សាយទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រឹងការតភ្ជាប់ជើងហោះហើរ។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី តាមរយៈការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា ការរៀបចំកញ្ចប់ទេសចរណ៍រួមសម្រាប់ភ្ញៀវអន្តរជាតិ ការបង្កើនការតភ្ជាប់ជើងហោះហើរ និងការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់វិនិយោគិន អ្នកបង្កើតមាតិកា និងក្រុមហ៊ុនទេសចរណ៍សិង្ហបុរី មកកាន់កម្ពុជា ព្រមទាំងបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសលើជំនាញទេសចរណ៍ឌីជីថល បដិសណ្ឋារកិច្ច និងការគ្រប់គ្រងទេសចរណ៍សម័យថ្មី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែងខ្ពស់។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីសិង្ហបុរីបន្តជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការហោះហើរត្រង់បន្ថែមទៅកាន់គោលដៅទេសចរណ៍សក្តានុពលរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-សិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះភ្ញៀវទេសចរសិង្ហបុរីមានចំនួន ៤៤,១៨៩នាក់។ ដោយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា និងសិង្ហបុរី បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញលំហូរភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *