ធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងធនាគារ

ធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងធនាគារ
ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦
ធនាគារជាតិនៃកម្ពុជាថ្មីៗនេះបានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់មួយ នៅរាជធានីភ្នំពេញ ស្តីពី ការដោះស្រាយឥណទានមិនដំណើរការ និងគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មដែលជា យុទ្ធសាស្ត្រសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ។

វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ថ្ងៃនេះធ្វើឡើងក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងសាជីវកម្ម គ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO) ដោយបានចែករំលែកបទពិសោធន៍លើក្របខ័ណ្ឌដោះស្រាយបំណុល ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិស្តីពីម៉ាក្រូប្រុងប្រយ័ត្ន និង ដំណើរការរៀបចំសេចក្តីណែនាំពាក់ព័ន្ធនឹងឥណទានមិនដំណើរការ។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាគឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិនិងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ។

នៅដើមឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព និងស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ដោយបានដកហូតវិញ្ញាបនបត្រ និងបញ្ឈប់ប្រតិបត្តិការរបស់គ្រឹះស្ថានឥណទានមួយចំនួនដែលមិនគោរពតាមលក្ខខណ្ឌប្រតិបត្តិការ ឬមានកំហុសឆ្គងខាងបច្ចេកទេស និងបទប្បញ្ញត្តិដែលកំណត់ដោយធនាគារជាតិ។

ធនាគារជាតិនៃកម្ពុជាបានដកហូតវិញ្ញាបនបត្រពីធនាគារ ព្រីនស៍ ហួយវ័ន ផេ និងធនាគារផេនដា ដោយសារធនាគារបិទទ្វារ និងដោយសារធនាគារបង្កកលុយ និងកម្រិតការដកប្រាក់ចំពោះអតិថិជន។

ធនាគារជាតិនៃកម្ពុជាបានតែងតាំងក្រុមហ៊ុនមួយចំនួនដើម្បីធ្វើជាអ្នកជម្រះបញ្ជីចំពោះ ធនាគារ ព្រីនស៍ ហួយវ័ន ផេ និងធនាគារផេនដាដើម្បីចាត់ចែង ផ្តល់សំណងជូនអតិថិជនដាក់ប្រាក់បញ្ញើទាំងអស់វិញជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *