សម្តេចប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ជូន ភាគីឡាវ ពីការប្រើប្រាស់យន្តការនៃការផ្សះផ្សារ ដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយប្រទេសថៃ

សម្តេចប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ជូន ភាគីឡាវ ពីការប្រើប្រាស់យន្តការនៃការផ្សះផ្សារ ដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយប្រទេសថៃ
ចេញផ្សាយ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៦
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាអនេកនិងបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម សនសៃ វ៉ានណាសៃ ដែលត្រូវបានរដ្ឋាភិបាលឡាវ តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ តាមរយៈបេសកកម្មនេះ សម្តេចមានសង្ឃឹមនិងជំនឿមុតមាំថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»នៃទំនាក់ទំនងប្រទេសទាំងពីរ ដែលមានលក្ខណៈប្រៀបដូចជាដន្លងនឹងគ្នានោះ នឹងរីកចម្រើនជាបន្ថែមទៀត។

ទោះបីជាពិភពលោកបច្ចុប្បន្នមានភាពប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ក៏ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀត ទាំងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង ដូចជាវិស័យទេសចរណ៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីការបើកច្រករបៀងវប្បធម៌ រវាងវត្តភូ និងអង្គរវត្ត ជាដើម។

ឯកឧត្តម សនសៃ វ៉ានណាសៃ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនេះ។ ឯកឧត្តម បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ ឯកជន និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ជាដើម។

ឯកឧត្តម ក៏បានអរគុណរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ ជារៀងរាល់ឆ្នាំ ជូនរដ្ឋសភាឡាវ ក្នុងការបញ្ជូនមន្ត្រីមកសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធី ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ “ការប្រឈមឱ្យទៅជាឱកាស” ពង្រឹងឯកភាព និងសាមគ្គីជាតិឱ្យបានរឹងមាំ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀត ខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។

Leave a Reply

Your email address will not be published. Required fields are marked *