ការពង្រឹងយន្តការ «សុខភាពតែមួយ» (One Health) និងការជំរុញ «Blue Transformation» ក្នុងវិស័យជលផលនៅក្នុងប្រទេសកម្ពុជា បង្ហាញជំហររឹងមាំលើការគ្រប់គ្រងសុខភាពសាធារណៈ និងនិរន្តរភាពប្រព័ន្ធស្បៀង

ការពង្រឹងយន្តការ «សុខភាពតែមួយ» (One Health) និងការជំរុញ «Blue Transformation» ក្នុងវិស័យជលផលនៅក្នុងប្រទេសកម្ពុជា បង្ហាញជំហររឹងមាំលើការគ្រប់គ្រងសុខភាពសាធារណៈ និងនិរន្តរភាពប្រព័ន្ធស្បៀង
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសេចក្តីថ្លែងការណ៍ ក្នុងការពង្រឹងយន្តការ «សុខភាពតែមួយ» (One Health) និងការជំរុញ «Blue Transformation» ក្នុងវិស័យជលផលនៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញជំហររឹងមាំលើការគ្រប់គ្រងសុខភាពសាធារណៈ និងនិរន្តរភាពប្រព័ន្ធស្បៀង។ ការថ្លែងនេះក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី នៅក្នុងសន្និសីទថ្នាក់តំបន់លើកទី៣៨ (APRC) នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម។

ប្រភពព័ត៌មានពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាក្នុងនោះចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន២ ដើម្បីធានាសន្តិសុខស្បៀង និងសុខុមាលភាពក្នុងតំបន់មានដូចជា៖ ១. ការពង្រឹងយន្តការ «សុខភាពតែមួយ» (One Health)៖ កម្ពុជាបាននឹងកំពុងពង្រឹងកិច្ចសហការអន្តរវិស័យ (កសិកម្ម សុខាភិបាល បរិស្ថាន) ដើម្បីឆ្លើយតបនឹងជំងឺឆ្លងសត្វ-មនុស្ស។ ក្នុងនោះ កម្ពុជាបានស្នើខ្លួនធ្វើជា «មជ្ឈមណ្ឌលតំបន់សម្រាប់មហាអនុតំបន់មេគង្គភាគខាងត្បូង» ដើម្បីពង្រឹងបណ្តាញមន្ទីរពិសោធន៍ និងប្រព័ន្ធព្រមានជាមុនពីជំងឺសត្វឆ្លងដែន។

២. ការជំរុញ «Blue Transformation » ការពង្រឹងនិងពង្រីកសក្ដានុពលនៃប្រព័ន្ធស្បៀងក្នុងទឹក ដើម្បីធានាសន្តិសុខស្បៀងក្នុងវិស័យជលផល៖ ជលផលគឺជា «Blue Gold» របស់កម្ពុជា។ យើងបានដាក់ចេញនូវ៖ ច្បាប់ស្តីពីជលផលថ្មី ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្ស។ ការប្រើប្រាស់បច្ចេកវិទ្យា SMART និងផ្កាយរណប ដើម្បីតាមដានធនធានជាក់ស្តែង។ ការបង្កើន វារីវប្បកម្មឆ្លាតវៃ និងការវិនិយោគប្រកបដោយបរិយាបន្ន។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃជំងឺសត្វឆ្លងដែន និងការប្រែប្រួលអាកាសធាតុ សំដៅធានានូវនិរន្តរភាពធនធាន និងសន្តិសុខស្បៀងសម្រាប់មនុស្សជំនាន់ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *