គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៧ខ្នង នៅស្រុកស៊ីធរកណ្តាល ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
ព្រៃវែង ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរ អង្គភាព ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៧ខ្នង ស្មើនឹង ៧គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ៣គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ៤គ្រួសារ (ប្រភេទ ខ) ក្នុងស្រុកស៊ីធរកណ្តាល នៅឃុំចំនួន ៧ ស្មើនឹង ៧ភូមិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
<span;>ថ្លែងនាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។
<span;>ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានបន្តទៀតថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា-សម្រាប់យើងគ្រប់ៗគ្នា។
<span;>ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិជ្ជាសង្គ្រោះបឋម វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក សរុបអ្នកចូលរួមចំនួន ៥៣នាក់ ស្រី ៣២នាក់។
<span;>សម្ភារៈសាខាខេត្ត ផ្តល់ជូនរួមមាន៖
<span;>-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក)៖ អង្ករ ២៥គ.ក តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។
<span;>-រងគ្រោះមធ្យម (ប្រភេទ ខ)៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។
<span;>-ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានឧបត្ថម្ថថវិកាផ្ទាល់ខ្លួន ដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ១គ្រួសារ ថវិកាចំនួន ១០០,០០០រៀល និងគ្រួសាររងគ្រោះមធ្យម ១គ្រួសារ ថវិកាចំនួន ៥០,០០០រៀល។
<span;>-គណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្តាល បានឧបត្ថម្ភសម្ភារៈបន្ថែមរួមមាន៖ អង្ករ ១០គ.ក មី ១កេស និងថវិកាចំនួន ៥០,០០០រៀល។
