អនុព័ន្ធយោធាមីយ៉ាន់ម៉ា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

អនុព័ន្ធយោធាមីយ៉ាន់ម៉ា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស លោកឧត្តមសេនីយ៍ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី ស៊រ វន ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានជាយូរអង្វែងមកហើយ។

ឯកឧត្តម បានស្នើដល់ភាគីមីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានាដែលបម្រើឲ្យផលប្រយោជន៍រួមដល់ប្រជាជននិងកងទ័ពប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ស៊រ វន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកនាយការិយាល័យអនុព័ន្ធយោធា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហាររូបករណ៍ដល់កងទ័ពមីយ៉ាន់ម៉ា បានសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ត្រី បានរំឭកជូនឯកឧត្តមអគ្គមេបញ្ជាការ អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយលោកឧត្តមសេនីយ៍ ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការរបស់លោក។

មុននឹងបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តម នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ព្រមទាំងជូនពរលោកនាយការិយាល័យអនុព័ន្ធយោធាថ្មី សូមមានសុខភាពល្អ និងសម្រេចជោគជ័យលើគ្រប់ភារកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *