ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ

ព្រៃវែង៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

​ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាស្ថាបនាសមិទ្ធិផលដ៏វិសេសវិសាលនេះឡើង។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា សមិទ្ធិផលដែលលេចចេញជារូបរាងនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានឡើយពីកត្តា “សុខសន្តិភាព” ដែលអនុញ្ញាតឱ្យយើងមានឱកាសកសាង និងអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យមានការរីកចម្រើនទន្ទឹមគ្នា។

​បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមជួយថែរក្សាសមិទ្ធិផលទាំងនេះឱ្យបានគង់វង្ស ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសការចៀសឆ្ងាយពីគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍។

តាមរបាយការណ៍ លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ឧបដ្ឋានសាលា និងសមិទ្ធិផលនានាដែលត្រូវសម្ពោធនាពេលនេះមាន
១.ឧបដ្ឋានសាលា១ខ្នង បណ្តោយ ២៨ ម៉ែត្រ ទទឹង ១៦ម៉ែត្រ។
២.របងវត្តមានប្រវែង ១៨០ ម៉ែត្រ
៣.ផ្លូវបតុង១ខ្សែមានប្រវែង ២០០ម៉ែត្រ និងទីសេនាសនៈ ដោយបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ប្រើប្រាស់រយៈ ពេលសាងសង់ ៦ ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ២០៣,៧៥០ ដុល្លារ ដែលនឹងត្រូវរៀបចំពិធីបុណ្យឆ្លងនាឱកាសនេះ គឺជាសមិទ្ធិផលថ្មីស្រឡាង ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជន ក្នុងនិងក្រៅប្រទេស ព្រមទាំងការរួមកម្លាំងសាមគ្គីពីពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកន្លែងសម្រាប់រៀបចំពិធីបុណ្យទានផ្សេងៗតាមបែបសាសនា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញកាត់ខ្សែបូរ បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តសិរីឧត្ដម ចាប់ពីពេលនេះតទៅ ព្រមទាំងបានប្រគល់ប័ណ្ណសរសើរដល់សប្បុរសជនដែលមានស្នាដៃល្អក្នុងការកសាងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *