ព័ត៌មានជាតិ

ផ្ទះ ចំនួន ២ខ្នង និងបង្គន់អនាម័យ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅក្នុងស្រុកកំពង់ត្របែក

ផ្ទះ ចំនួន ២ខ្នង និងបង្គន់អនាម័យ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅក្នុងស្រុកកំពង់ត្របែក

ព្រៃវែង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារ នៅឃុំ ព្រៃពោន និងគ្រួសារក្រីក្រ ១គ្រួសារ នៅឃុំអន្សោង ក្នុងស្រុក កំពង់ត្របែក ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម អនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

បន្ថែមពីនេះ ឯកឧត្តម អនុប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន ២ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយ ទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ សាខាខេត្ត ក៍បានឧបត្ថម្ភ ថវិកាដល់លោកតា លោកយាយ ចូលរួមក្នុងកម្មវិធីផងដែរ។

ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខា បាន ឧបត្ថម្ភកង់ ចំនួន ៤គ្រឿង ជូនដល់កូនៗ គ្រួសារដែលទទួលផ្ទះ ដើម្បីធ្វើដំណើរទៅមកសាលារៀន។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សាខាខេត្ត បាន ប្រគល់ផ្ទះសរុបចំនួន ២៥១ខ្នងផ្ទះ និងបង្គន់អនាម័យសរុប ចំនួន ២១៣បង្គន់៕

Leave a Reply

Your email address will not be published. Required fields are marked *